Tuesday, April 10, 2012

ច្បាប់ក្រមង៉ុយ
(KROM NGOY PRINCIPLE)

ច្បាប់ល្បើកថ្មី
អ្នកព្រះភិរម្យ             ភាសាអ៊ូខ្ញុំ                   បង្គំនឹកគុណ              ព្រះពុទ្ធព្រះធម៌
ព្រះសង្ឃជាមុន          គុណគាប់មហាធ្ងន់  មាតាបិតា។
ឧបជ្ឈាយ៍ជាធំ           កាលចាប់ដៃខ្ញុំ           ឲ្យធម៌កេសា              អនុសាវន
ព្រះកម្មវាចា                គុណធម៌អក្ខរា          ទាំងសាមសិបបី។
ខែចែត្រឆ្នាំច              ចត្វាស័កក                 កគិតកាព្យថ្មី              លើកច្បាប់ប្រដៅ
កូនចៅប្រុសស្រី        តូចក្ដីធំក្ដី                    ចូរស្ដាប់គ្រប់គ្នា។
ត្បិតមនុស្សឥឡូវ      យកខុសធ្វើត្រូវ          យកឆ្គួតធ្វើជា                        អំពើអាក្រក់
ឡិឡក់លីលា              ព្រហើនពានពារ      អាងមាសអាងប្រាក់។
អាងព្រើលអាងប្រាជ្ញ            អាងកោងអាងកាច  អាងកាប់អាងចាក់    អាងដៃអាងជើងអាងទាត់អាងធាក់                        អាងគុកច្រវ៉ាក់           អាងម៉ាស៊ីនកាត់ក។
អាងសុទ្ធតែខុស        កូនអើយចាំចុះ          អាងនោះមិនល្អ         អ្នកគិតឲ្យល្អិត
ត្បិតស្រុកលោកក្រ   ប្រមាណតំណ           ត ទៀតទៅមុខ។
សាសនានៅឆ្ងាយ     លែងបានសប្បាយ   មានតែកើតទុក្ខ         កើតទាន់លោកិយ
ឮតែទំនុក                   តំណែលអាពុក        ចូរចាំគ្រប់គ្នា។
អ្នកចាំពាក្យចាស់      ជឿចាំឲ្យណាស់        កុំធ្វើបំពា                    អ្នកហ៊ានស្បែកដាច
អ្នកខ្លាចស្បែកជា      មនុស្សប៉ោបៀ          កុំយកខ្លួនបៀត។
ឃើញឫកគេល្អ         ទោះបីមានក្រ                        យកគេជាញាតិ         គួររាប់អ្នកក្រៅ
ផៅអ្នកឯទៀត          រាប់រើសមាយាទ        សុចរិតត្រឹមត្រូវ។
រៀនបទរៀនបាទ      កុំកោងហួសខ្នាត      កុំភ្លាត់ហួសផ្លូវ          កុំភ្លើនភ្លេចម៉ែ
កុំប្រែហួសឪ              ឃើញចាស់សក់ស្កូវ  កុំសូវមើលងាយ។
បន្ទន់អាត្មា                ខ្លាចមេខ្លាចបា           ខ្លាចតាខ្លាចយាយ     បម្រើមហាក្សត្រ
ប្រយ័ត្នស្ដេចទាយ      ពាក្យពិតទំនាយ        រលាយកេរ្តិ៍ឈ្មោះ។
ពាក្យស្ដេចពាក្យគ្រូ   មានប្រៃមានជូ          កម្រពីរោះ                  ជួនទាយឲ្យទាប
ជួនទាយឲ្យខ្ពស់          ទាយឲ្យសក្ដិយស      ទាយចុះកុំខឹង។
បម្រើមើលភេទ         ចំណាំព្រះនេត្រ         ហេតុខ្លួនឲ្យដឹង          ខ្លួនខ្ជិលហៃព្រើល
លោកមើលសំឡឹង    សំឡក់ឲ្យប្រឹង                        ខំប្រិតរៀនសូត្រ។
បម្រើមើលពុត           ប្រាជ្ញឲ្យមុត                ស្មារតីឲ្យមាន             បើខ្លៅឲ្យប្រាជ្ញ
បើខ្លាចឲ្យហ៊ាន         ចង់បានរបៀន          កុំអៀនកុំខ្មាស។
ពុតលោកជាធំ           ជ្រងោប៉ុនភ្នំ                ឯងមើលមិនច្បាស់   បម្រើលោកណា
លោកហ្នឹងជាម្ចាស់   លោកស្អប់អ្វីណាស់ ប្រាសចោលឲ្យឆ្ងាយ។
កុំឈមឈរជិត          កុំយកធ្វើមិត្ត              ភ្លាត់ខ្លួនអន្តរាយ        បើប្រពន្ធកូន
បងប្អូនចៅហ្វាយ      អាពុកឬម្ដាយ                        ឱនកាយប្រតិបត្តិ។
អ្នកកុំមើលងាយ        ឃើញគេរីករាយ       ព្រួញខ្លួនប្រយ័ត្ន        ត្រកូលញាតិផៅ
កូនចៅមហាក្សត្រ    ស្មើថ្លើមប្រម៉ាត់         ប្រមាថមិនបាន។
ទោះអ្នកដទៃ              អ្នកព្រៀងអ្នកព្រៃ     ដែលលោករាប់អាន កុំថាតែមនុស្ស
ទោះសត្វតិរច្ឆាន        ឯងស្អប់ប៉ុន្មាន           កុំហ៊ានប្រមាថ។
របស់ឬទ្រព្យ               ដែលចារសំអប់         កុំបាច់សម្អាត                        ទ្រព្យណាសំឡាញ់
អស់អញឱហាត       ចូរចៅសង្វាត                        ជួយថែរក្សា។
កុំជិះកុំជាន់                 ស្មៅផ្ទីអាចម៍មាន់     ពាក្យចាស់ឧបមា      បុរាណហៅផ្ទី
ពីរបីប្រការ                 កុំស៊ីត្រង់ណា             ជុះដាក់ត្រង់ហ្នឹង។
សាច់សារលោហិត   កុំផ្ដេកផ្ដួលពិត          ផ្ដួចទោសកើតប្ដឹង     អាពុកផ្ដែផ្ដាំ
ចូរចាំចេះថ្លឹង             សាច់ថ្លើមសួតឆ្អឹង     និងស្បែកខាងក្រៅ។
សាចសួតក្នុងខ្លួន       ទុកស្មើបងប្អូន           ប្រពន្ធកូនចៅ                        សរសៃនិងស្បែក
ចែកញាតិជាផៅ       ខ្ញុំស្រីខាងក្រៅ                        ជាផ្ទីអាចម៍មាន់។
ស្រីខ្ញុំកំដរ                   បើឃើញរូបល្អ          កុំលលូកលាន់                       កុំលួចលបលេង
ក្រែងម្ចាស់គេទាន់     កុំភប់កុំភាន់               អាប់អន់អាត្មា។
បើអ្នកមានយស       មានសក្ដិខ្ពង់ខ្ពស់       គាប់នឹងរាជការ         ធ្វើធំធ្វើថី
មន្ត្រីមានត្រា              ព្រះហ្លួងឧកញ៉ា         សាលាកុង្សីយ៍។
ចេះច្បាប់បារាំង         កុំភ្លេចសច្ចំ                 កត្តញ្ញូខន្ដី                   កុំឆ្មើងហួសមាឌ
ភ្លេចញាតិប្រុសស្រី   ជុំនុំកាត់ក្ដី                   យកឧបេក្ខា។
កុំកាន់សីហលោ        កុំកាន់លោភោ           ទោសោមោហា         កុំជក់អាភៀន
កុំឃ្លានផឹកស្រា         កុំស្អប់ខាងណា          សច្ចាយកត្រង់។
លួងលោមពិសោធន៍            កុំឆបញ្ឆោត               បញ្ចូលឲ្យបង់             ឲ្យបែកឲ្យបាក់
ពាក្យសត្យពាក្យសង្ឃ           កូនអើយផ្ចិតផ្ចង់       តម្រង់ស្មារតី។
កុំភ្លើនភ្លេចប្រាក់       កុំភ្លើភ្លាត់សក្ដិ                        ធ្លាក់ទៅអវិចី              កាន់ធម៌ទសពិធ
រឹងឡើងរាសី               គាប់ពីលោកិយ         ដល់បរលោកនាយ។
អ្នកក្ដីជាភ្លើង             កុំកាត់កាន់ជើង         អ្នកម្ខាងមើលងាយ   ចៅក្រមជាទឹក
រំឭករំលាយ                កុំជេរកុំវាយ                បង្ខំនាំខុស។
ចោរខូចលួចប្លន់        រីចោរស្ម័គ្រស្មន់         តណ្ហាប្រុសស្រី          កុំស្អប់ខាងណេះ
បញ្ឆេះខាងណោះ     លួងលោមបញ្ចុះ        បញ្ចូលចិត្តក្ដី។
កុំដុតឲ្យក្ដៅ                បើឃើញគ្នាខ្លៅ         ប្រាជ្ញាគ្នាខ្លី                  កុំឃ្លានប្រាក់ប្រុស
បណ្តុះខាងស្រី           បើកាន់ច្បាប់ថ្មី          កុំចោលច្បាប់ចាស់។
កុំដៀលអ្នកស្រែ       ត្រកូលឯងខ្មែរ                        កុំប្រែក្រឡាស់                        ក្រឡេកឃើញគុណ
ទន់ខ្លួនសំពះ               កុំធ្វើអ្នកណាស់         កុំត្មះអ្នកក្រ។
អ្នកកុំភ្លេចគុណ        គ្រូលេខនព្វន្ត             គ្រូសូត្រអក្សរ             កុំចាប់ដៃទាញ
គំនាប់ងក់ក               កុំជជែកត                   ស្មើមិត្តសំឡាញ់។
រាស្ត្ររត់ចូលជ្រក       សួរសាកទៅមក        កុំអើឯងអញ             ពាក្យពុំពីរោះ
គេកើតមួក្នាញ់          គេដៀលផ្ចាលផ្ចាញ់ អន្ដរាយកេរ្ដិ៍ឈ្មោះ។
កុំឆ្មើងអាងបុណ្យ      ស្រដីឲ្យទន់                 ពោលពាក្យពីរោះ      ខ្លួនអ្នកនឹងថ្កើង
នឹងឡើងសក្ដិយស    កុំឆ្លៀតនាំឈ្លោះ       ញុះញង់អ្នកធំ។
កុំស្អប់អ្នកតូច                        បើឃើញគ្នាខូច         គួរគិតប្រមុំ                 ទោសគ្នាតិចតួច
ផ្ដួចឡើងជាធំ             ផ្សែងពូតជាដុំ                        ផ្លុំឆេះជាភ្លើង។
កុំភ្លើនភ្លេចខ្លួន          ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង      កុំធ្វើក្រអឺត
កុំពើតកុំពើង             កុំពាក់ស្បែកជើង      ចូលវត្តលោកសង្ឃ។
ដោះមួកដាក់ឆ័ត្រ      ឱនកាយប្រតិបត្តិ       លំអុតឱនអង្គ                        កុំស៊ីតាមឃ្លាន
កុំហ៊ានតាមចង់         កាន់ច្បាប់ស្រុកហ្វ្រង្ស៍          កុំបង់សាសនា។
កុំចង់ថ្កើងពេក          កុំលើកដំណេក         ហួសមេហួសបា       តែងខ្លួនឲ្យល្មម
មើលពូជពង្សា           សង្ខេបនិដ្ឋិតា             រឿងផ្គាប់បុណ្យសក្ដិ។
tttttt

បើទៅជារាស្ត្រ           ប្រាជ្ញាវៃឈ្លាស          គូរវាសឆ្លកឆ្លាក់         ឲ្យឆ្លៀតរែកពុន
បើធ្ងន់សុំដាក់                        ខំរកមាសប្រាក់          ឲ្យទាន់គ្រាន់ចាយ។
រាជបារាំងសេស        កូនកុំប្រហែស           កុំថ្មមរូបកាយ                        ដើរគិតដេកគិត
ជួញជិតជួញឆ្ងាយ     បើចង់សប្បាយ         ស្រេចនៅមានទ្រព្យ។
រាជហ្លួងពីមុន                        រកស៊ីរែកពុន             មានក្រតាមភ័ព្វ         រាជលោកឥឡូវ
ត្រូវខំឲ្យញាប់             តែខ្ជិលច្រើនជាប់      ខ្នោះជើងខ្នោះដៃ។
តាំងពីឆ្នាំច                 ចាំជាតំណ                 ទំនិញឡើងថ្លៃ           ចងក្បិនឲ្យតឹង
ប្រឹងកុំសំចៃ                សញ្ជឹងយប់ថ្ងៃ           កុំឲ្យក្រខ្សត់។
បើចង់ស្រាលខ្លួន       រៀនសូត្រឲ្យមួន        ឲ្យមាំឲ្យស្ទាត់             កុំចេះស្ទាក់ស្ទើ
ល្ងីល្ងើឥតបទ             បើចេះប្រាកដ                        ប្រាក់រត់តាមហៅ។
កុំថ្នមកម្លាំង               កាប់ជីកចូកចាំ           កុំថារងារក្ដៅ              រៀនអ្វីឲ្យឆ្អិន
កុំឲ្យខ្លោចឆៅ             កុំដេកតែខ្លៅ              ក្រក្រៅសណ្ដាប់។
បើល្ងង់ឲ្យចេះ             រករៀនតម្រិះ             រិះរកតម្រាប់               ឥន្ទ្រីយ៍ឆ្វេងស្ដាំ
កុំចាំគេប្រាប់              រៀនស្ដីរៀនស្ដាប់     រៀនមើលឲ្យស្ដែង។
កើតមកជាមនុស្ស    ទាំងស្រីទាំងប្រុស       មិនដែលចេះឯង        បើក្រឲ្យមាន
វិញ្ញាណចេះក្រែង      គិតគ្រប់កន្លែង           កុំដេកតែក្រ។
កុំប្លន់កុំលួច               កុំខ្ជិលកុំខូច                កុហកឆូវឆ                បោកប្រាសយកប្រាក់
ច្រវាក់ជាប់ក              កាន់មាយាទល្អ          សុចរិតត្រឹមត្រូវ។
កូនអើយរកស៊ី          កកាយធរណី                        ធ្វើស្រែយកស្រូវ        កុំតាមអ្នកណា
បាតាមតែឪ                លើកភ្លឺជិតផ្លូវ                        កុំស្រាស់បន្លា។
គេដើរយប់ថ្ងៃ                        មុតជើងមុតដៃ           ដឹងចៀសទៅណា     ចៀសចុះជាន់ស្រូវ
ហើយជេរផ្ដាសា        កូនម្ដាយអាណា       ស្រាស់ដើរមិនរួច។
កុំយកគល់ឈើ          ទៅដាក់ពីលើ             ទោះធំទោះតូច           ជំពប់ជើងគេ
គេថាឯងខូច              ជេរដៀលដល់ពូជ     ប្រដូចមេបា។
លើកភ្លឺឲ្យធំ                បង្ហាប់ឲ្យមាំ                គាប់ភ្នែកទេវតា         ស្មើបានសង់ស្ពាន
នឹងមានផល្លា                        កើតសាធុការ                        អាយុយឺនវែង។
កូនអើយធរណី         បើតាមគម្ពីរ               ដែលលោកសម្ដែង   កុំចង់បានធំ
ប្រមុំឆ្វៀលឆ្វែង         កុំលើកដីឯង              លបដាក់ស្រែគេ។
អំពើអាក្រក់               មួយចម្រៀកសក់      ធ្លាក់ទៅនិរយេ           បច្ចុប្បន្នលោកិយ
កើតក្ដីវាយជេរ           មិនដែលសុខទេ         ព្រោះដីមួយហត្ថ។
កុំជួញចង់ទាស់          ខូចខាតរបស់             អស់ទ្រព្យសម្បត្តិ       ចង់គង់ប្រយោជន៍
ឲ្យចេះប្រយ័ត្ន             ពាក្យឪមួយម៉ាត់        ឲ្យគិតមួយម៉ោង។
សម្អាតផ្ចិតផ្ចង់           លើកភ្លឺឲ្យត្រង់                        កុំលើឲ្យកោង             អ្នកកុំប្រហែស
ក្រែងមានប្រហោង   លើកមើលទំ​ន​ង        ទំនាបទឹកហូរ។
ចំនួនទឹកស្ទឹង             ទឹកព្រែកទឹកបឹង        ទឹកវាលទឹកអូរ           អ្នកលើលិចស្រូវ
ត្រូវបើកបង្ហូរ              អ្នកក្រោមកុំថ្ងូរ          បង្ហូរហួសទៅ។
រាំងរីងថ្ងៃយប់                        ឆាប់លើកឆាប់ទប់     កុំឲ្យបាក់ជ្រៅ             កត្ដិកចេញខ្យល់
តម្កល់ទឹកនៅ             បើចង់បានស្រូវ         បាននៅត្រឹមថែ។
កុំយកគ្រាប់ត្នោត      ទៅដាំទៅដោត          នៅលើភ្លឺស្រែ                        ចិត្តគិតប្រមាណ
ចង់បានផ្កាផ្លែ                        ដាំដុះបង្ហែ                   បង្ហិនខ្លួនឯង។
ដល់ត្នោតឡើងគល់  ឡើងកើតនាំខ្វល់       ធាងលូតឡើងវែង     ភ្ជួររាស់ជាប់នឹម
ក្របីជាប់ស្នែង           ទទើសទទែង              ភ្ជួរឆ្វេងមិនត្រូវ។
ដល់ត្នោតវាធំ             មានស្លឹកវាទុំ              វាជ្រុះក្នុងស្រូវ             ស្រែឆ្ងាយពីផ្ទះ
ឃ្លាតណាស់ពីផ្លូវ      ទំរាំតែទៅ                   រលួយស្រូវអស់។
កូនអើយកុំឆោត       បើចង់បានត្នោត       ដាំដោយកៀនកោះ  ដីទួលចំការ
ឯណាចន្លោះ              ដាំជារបោះ                 ជាយជួររបង។
របៀបចំការ               ថែទាំរក្សា                   យូៗស្រាស់ម្ដង           ស្រាស់ឲ្យត្រូវជួរ
មើលគួរសមផង        កុំបើកមុជឆ្លង                        ទៅស្រាស់ខាងក្រៅ។
មិនគាប់ប្រសើរ         របងវាដើរ                   អ្នកម្ខាងវាក្ដៅ                        កើតក្ដីកើតក្ដាំ
អស់ខោអស់អាវ       ខឹងអស់ញាតិផៅ      ពីព្រោះចំការ។
មួយទៀតរបង           ជិតផ្លូវអ្នកផង                        គេទៅណាៗ              ធ្វើឲ្យទូលាយ
កុំរាយបន្លា                 កាប់ឆ្កើសទាត់ឆ្ការ     ឲ្យឆ្ងាយពីផ្លូវ។
កុំធ្វើចង្អៀត               ក្រែងយប់អាធ្រាត     ខ្លះមកខ្លះទៅ               ចៀសគ្នាមិនរួច
បើកបរកាត់ស្រូវ       ជេរម្ដាយតាមផ្លូវ       រហូតដល់ផ្ទះ។
កូនអើយអ្នកចាំ        អ្នកកុំចងកម្ម             មានពារច្រើនណាស់           ជាតិក្រោយខ្វាក់ខ្វិន
កខ្វេះកខ្វាស              សូវចោលដីខ្លះ           មិនខាតប៉ុន្មាន។
កុំខ្លាចតែក្រ                ធ្វើឫកមិនល្អ              ច្រើនកើតរឱស្ថាន     រអែករអោក
បាត់ញាតិសន្ដាន      ឥតគេរាប់អាន          មានតែគេស្អប់។
កាន់ឫកឲ្យខ្ពស់          ឲ្យខ្ពើមពាក្យឈ្លោះ    ទើបបានជាគាប់        យកឆោតដាក់ខ្លួន
ច្រើនមានគេរាប់       បើខ្លួនឥតទ្រព្យ          កុំធ្លាប់ហ៊ានខ្ចី។
គ្រប់ការសារពើរ       ចង្អេរកញ្ជើ                កន្តាំងតៅល្អី              រនាស់រទះ
សេះគោក្របី              បើបានជាខ្ចី                ខ្ចីបា្រក់គេទិញ។
យកមករកស៊ី                        ខែមួយខែពីរ              សងប្រាក់គេវិញ        របស់យើងបាន
ជាជើងជួញចេញ      ឯទ្រព្យនោះមិញ        ពេញជាទ្រព្យឯង។
កុំខ្ចីគេប្រើ                   តែមួយដំណើរ           មិនយូរអង្វែង                        ជួនជាបាក់បែក
ជជែកទាស់ទែស       សងគេមិនលែង        ចាស់ផ្លាស់ជាថ្មី។
កើតមកជាប្រុស        គិតឲ្យសព្វសុស         កុំឲ្យសល់អ្វី                បួសរៀនធម៌អាថ៌
សាស្ត្រាបាលី             បរលោកលោកិយ     កុំបីចន្លោះ។
សឹកមករកស៊ី                        កកាយធរណី                        ធ្វើជាគ្រហស្ថ                        កុហកជឿបុល
បំណុលរំកោះ                        ច្រើនគេដាក់ខ្នោះ      អស់ស្រែចំការ។
ធ្វើរាស្ត្ររកស៊ី                        ចិញ្ចឹមគោញី             ថែទាំព្យាបាល៍           ក្រហេតុពីខ្ជិល
មានត្បិតឧស្សាហ៍    អ្នកមានប្រាជ្ញា          មិនស្មើគំនិត។
កំណើតសំណាង      សំណូមពរអាង         កកើតពីគិត               ពីកាលជាតិមុន
បុណ្យព្រេងអតីត      កើតរូបគំនិត             ទើបកើតសំណាង។
ឯមនុស្សសំណល់     ល្ងង់ល្ងើងឿងឆ្ងល់     ទាស់ទែងក្អេងក្អាង    ដប់ឆ្នាំនេះហើយ
ប្រកាន់ម៉្យាងៗ           ខ្លះអួតសំណាង         ខ្លះអាងគំនិត។
កូនចៅប្រុសស្រី        រកប្រពន្ធប្ដី                 ឲ្យរកស្រុកជិត                       បើរកស្រុកឆ្ងាយ
ឲ្យម្ដាយពិនិត្យ           ឲ្យត្រឹមត្រូវពិត           ពូជពង្សាវតា។
កូនអើយអ្នកចាំ        កុំជឿខែឆ្នាំ                 កុំជឿតម្រា                 ពាក្យក្បួនតម្រាយ
កើតពីមនុស្សចារ      ពីដូនពីតា                   ចារតាមសម្គាល់។
អ្នកជឿតែពូជ                        អម្បូរធ្លាប់ខូច                        វាខូចរៀងរាល់           ពូជមានវាមាន
ពូជទាល់វាទាល់         កុសលអកុសល        យើងមើលមិនជាក់។
ប្រពន្ធនិងប្ដី                អាយុវែងខ្លី                 យើងមើលឃើញច្បាស់       កុំយកពូជល្បែង
ពូជភ្លេងអារក្ខ                        បើម៉្ងៃបង់ប្រាក់           រកអាយុវែង។
អម្បូរពង្សពូជ                        ត្រកូលធ្លាប់ខូច          វាខូចមិនលែង           ពូជចោរស្រីៗ
យកប្ដីចិត្តឯង             មិនគិតកោតក្រែង    ខ្លាចចិត្តមេបា។
កូនចៅស្រីៗ              បើនឹងយកប្ដី              ឲ្យមើលកិរិយា           មួយភ្លេងអារក្ខ
មួយអ្នកបាណា         មួយអ្នកផឹកស្រា        មួយអ្នកចង់ស្រី។
ពួកអ្នកក្រម៉ាច់          លេងផោមលេងអាចម៍        អាយុច្រើនខ្លី  ប្រកាច់ដាច់លក្ខណ៍
ជាន់អារក្ខព្រៃ                        មួយគឺមន្ត្រី                 ធ្វើក្រមជំទប់។
ជំទយតែដើរ              មេស្រុកគេប្រើ           ទាំងថ្ងៃទាំងយប់         មានមួកខ្វះឆ័ត្រ
កម្រមានគ្រប់                        មួយទៀតកុំភប់         ជួញប្រាំប្រការ។
ប្រាកដជាខុស                        លក់សត្វទាំងរស់       មិនចេះអនិច្ចារ          សព្វសត្វអ្វីៗ
បក្សីបក្សា                  ព្រាត់មេព្រាត់បា        ទេវតាលោកលក់។
លោកិយនេះខ្សត់      យម្ភបាលគេកត់        នៅស្ថាននរក                        មួយហួយអាប៉ោង
ប៉ោបៀគ្រប់មុខ         កូនអើយចាំទុក         ក្រគ្រប់ប្រាំបី។
​ឯអ្នកទាំងអស់           រកស៊ីម៉េះម៉ស់                        ច្រើនជាងស្រីៗ          ប្រាជ្ញានោះវែង
គំ​និតនោះខ្លី               ប្រពន្ធជេរប្ដី               អាងឈ្លោះបំពាន។
នេះពូជអ្នកក្រ                        រស់ទាំងត្រដរ             ទាំងអត់ទាំងឃ្លាន     ធ្វើគុណនឹងគេ
រកគេសងគ្មាន           ហេតុនេះកុំរៀន        ទាំងប្រាំបីផ្លូវ។
យ៉ាងអ្នកនេសាទ      មិនដែលសង្វាត        ធ្វើស្រែបានស្រូវ       ប្រព្រឹត្តសាងកម្ម
ប្រចាំរដូវ                    វង្វេងខុសផ្លូវ              ព្យាយាមសម្លាប់។
អន្ទាក់ជុងកុក                        អង្រុតឆ្នៀងឆ្នុក         គ្រប់គ្រឿងប្រដាប់     ថ្លុកបៀត្រពាំង
ទប់បាំងបាចចាប់      ចោលស្រូវកណ្ដាប់   កណ្ដៀរកាត់អស់។
កំពប់ខ្ចាត់ខ្ចាយ          ខូចខាតអន្ដរាយ        មិនស្ដាយស្រណោះ  យប់រវល់ប្របក់
ចង់បានត្រីរ៉ស់           ខែភ្លឺរវល់ឆ្លុះ               ដើរដេញសំពោច។
វក់តែសប្បាយ          ដើរដេញទន្សាយ      ដើរចងសន្ទូច                        អំពើអស់នោះ
ច្រើនខ្វះស្រូវពូជ        ធ្វើបានតិចតួច          អាងជឿគេស៊ី។
កូនអើយបំណុល      ចងការជឿបុល         មួយឡើងជាពីរ          អ្នកភ្លេងអារក្ខ
ច្រើនទឹមគោញើ       មួយឡើងជាពីរ          ធ្វើសោះតែខាន។
ថ្ងៃដេករកភ្ញាក់          យប់លៀងអារក្ខ       ឈឺឆ្អាលសន្ដាន        គេស្ដីគេពឹង
នឹងឈប់ពុំបាន         គេរករាប់អាន           កាលមានធុរៈ។
ផ្លុំប៉ីកូតទ្រ                   ស្រែកច្រៀងវាយស្គរ            មិនបានលុយកាក់     ឯងពឹងគេវិញ
គេគ្មានជំពាក់                        ពឹងបានម្នាក់ៗ           ដោយសារឲ្យថ្លៃ។
ឡើងត្នោតភ្ជួរស្រែ     កម្រទាន់គេ                ដ្បិតដេកដល់ថ្ងៃ        ច្រូតកាត់ចង់ឆាប់
ជួលគេពេញថ្លៃ         ចំណេះចង្រៃ              នាំខាតធ្វើការ។
ឯខ្មោចអារក្ខ             ស្លាប់ដប់រស់ម្នាក់      ថ្វាយចេកថ្វាយស្រា  សំពះនឹកគុណ
ខ្មោចប្រេតដូនតា      មិនដែលអ្នកណា      នឹងគុណអ្នកភ្លេង។
ឯអ្នកប្រមឹក               ប្រមូលកនផឹក           ធ្វើភឿននឹងក្មេង       សម្ដីច្រើនតឹង
ស្រវឹងវង្វេង                ជំហរអួតក្អេង                        មិនចេះក្រខ្សត់។
អួតទាំងបំពាន           ផឹកម៉្ងៃលុយមាន       ផឹកម៉្ងៃលុយអត់         ឯចេះតែកិន
ចិនចេះតែកត់           ផឹកដល់កំណត់         យកស្រែបញ្ចាំ។
សល់ថ្នាលមួយពីរ     វាយគោស្ងោស៊ី          មិនគិតខ្លាចកម្ម         ផឹកជ្រុលហួសល្បត់
អត់បាយរាល់ឆ្នាំ        អស់ស្រែបញ្ចាំ          បញ្ចាំកូនទៀត។
កំណើតផឹកស្រា        ផឹកផុតមេត្តា             ផឹកជ្រុលហួសមាឌ   អ្នកមួយផឹកស្ទើរ
ល្ងីល្ងើចេះឆ្លៀត         ម៉្យាងផឹកផុតមារយាទ          ច្រើននៅខ្ញុំចិន។
រែកទឹកពុះអុស          វាទុញវាតុះ                 ចាក់កែវផឹកសិន       ស៊ូរែកខំអត់
សំពត់ខើចក្បិន         ទំរាំបាយឆ្អិន              ចិនដួសហៅស៊ី។
ឆ្ងាញ់តែម្នាក់ឯង       ឆ្អែតហើយខំស្វែង    ខំលើកខំលី                 ដងទឹកស្រោចគ្រប់
ស្រោចខ្ទឹមម្ទេសជី     ខ្ញុំចិនម៉្ងៃពីរ                 វិលទៅរវាំងផ្ទះ។
ឯងអ្នកចង់ស្រី           ប្រពន្ធពីរបី                 ថាឯងអ្នកណា           គន់ឯសំពត់
តែមួយបន្លាស់           ពាក់អាវបំណាស់     កម្រមានថ្មី។
ផ្ទះលេចវាលល្វឹង       ជញ្ជាំងចងហ៊ឹង         ស្លាធម៌បាយសី          ខួចប្រេងក្រមួន
ម្លូស្លាបារី                    កំឡោះពីរបី               ចោមរោមរៀនស្នេហ៍។
រៀនស្នាលរៀនស្និទ្ធ កើតក្ដីពីក្ដិត               ព្រួយចិត្តម៉ែឪ             កូនអើយប្រពន្ធ
អាងមន្ដពូកែ             ត្រូវគុកដប់ខែ                        អស់ស្រែត្រពាំង។
ធម្មតាប្រពន្ធ              បានដោយសិល្ប៍មន្ដ            ដោយស្ងាត់កំបាំង     រកស៊ីលៀនភ្នែក
បានវែកខ្វះឆ្នាំង         បានល្អីកន្ដាំង             នៅខ្វះចង្អេរ។
បាននេះខ្វះនោះ         ក្រហេតុពីព្រោះ         អាពុកម្ដាយជេរ        បើចូលជំនុំ
មិនរម្យដូចគេ                        អង្គុយវេះវេរ               មិនហ៊ានហាលមុខ។
នេះពុតអ្នកក្រ                        ចាំជាតំណ                 តជាទំនុក                   ប្រយ័ត្នដំនៀល
គេដៀលអាពុក        កូនអើយចាំទុក         ចាំតកូនចៅ។
រក្សាពូជពង្ស              បើខ្លួនល្ងឹតល្ងង់          ស្ដាប់ចាស់ប្រដៅ       កុំស្អប់អ្នកប្រាជ្ញ
កុំខ្លាចអ្នកខ្លៅ                        បើមនុស្សឆោតឆៅ  កូនឯងកុំភប់។
កុំភ័យខ្លាចអត់           មើលឲ្យប្រាកដ          គួរយកគួរឈប់         គួរឈានគួរឈោង
តោងមើលឲ្យគ្រប់     កុំចេះតែងប់               មិនស្ដាប់ឪម៉ែ។
រកប្ដីប្រពន្ធ                 ឲ្យគិតឲ្យគន់               ឲ្យមើលថួនថែ           ត្រកូលអ្នកខ្សត់
ប្រាកដតាមខ្សែ          បីដូចឈើផ្លែ              មិនដែលចេះក្លាយ។
ជូរផ្អែមធំតូច             ដើមក្រូចផ្លែក្រូច        ដើមស្វាយផ្លែស្វាយ  ពូជស្រីចោរក្បត់
មិនអត់សាហាយ      ពូជស្រីមេម៉ាយ         ពីម្ដាយដល់កូន។
រើសពូជមិនខុស        ពូជសាំងនឹងប្រុស      ទាំងអស់បងប្អូន        ពូជសែនមេបា
ពីតាដល់ដូន              ពូជល្អសុទ្ធសូន្យ         ពីដូនដល់ចៅ។
រករូបមិនក្រ               អាក្រក់ហើយស       មារយាទល្អហើយខ្មៅ          ស្រីក្មេងមានខ្មាស
ចាស់ចង់ប្រដៅ          ប្រដូចតាមផៅ           មិនសូវខុសខាន។
ពាក្យចាស់លោកថា  ធ្វើស្រែចំការ             ស្ដាប់មហាសង្ក្រាន្ត   ធ្វើម្ដងខុសខាត
ធ្វើម្ដងទៀតបាន       ធ្វើតាមប្រមាណ       ប្រមើលទឹកភ្លៀង។
រកប្ដីប្រពន្ធ                 ឲ្យគយឲ្យគន់             រើសរករូបរាង                        ពូជថ្លៃល្មមយក
ពូជថោកល្មមវាង      រូបល្អឫកល្អៀង         នាងកុំប្រសព្វ។
ជាតិស្រីនិងប្រុស       បើបានជាខុស           ខុសទាល់ចាស់ងាប់   បើបានរូបល្អ
កម្រមានភ័ព្វ              មានខុសមិនគាប់      ដូរស្រែចំការ។
មួយទៀតអ្នកចាំ       អាពុកចំណាំ             ទុកជាតម្រា                កុំយកតម្រាប់
កុំស្ដាប់អាចារ្យ          បើនឹងរៀបការ          កុំការប្រធួន។
ប្រជែងវេលា              ឮស្គរឆ្លើយគ្នា                        ប្រទប់ប្រទួន               ស្រុកជិតភូមិផង
របងដោយខ្លួន           អាចារ្យអាងក្បួន       ថាសុខសប្បាយ។
កូនអើយអ្នកចាំ        យូរណាស់បួនឆ្នាំ      ព្រាត់ប្រាសអន្តរាយ  ច្រើនស្លាប់បីនាក់
រស់ម្នាក់មេម៉ាយ       កូនឃើញតែម្ដាយ    មិនឃើញអាពុក។
មានកាលស្លាប់ស្រី   ស្លាប់ចោលកូនខ្ចី       ប្ដីនៅរងទុក្ខ                យកប្រពន្ធទៀត
កម្រពេញមុខ                        កូននិងអាពុក                        បែកគ្នាខ្ចាត់ខ្ចាយ។
កូនចៅស្រីៗ              បើនឹងយកប្ដី              កុំយកពោះម៉ាយ       សូវនៅម្នាក់​ឯង
បន្លែងនឹងម្ដាយ         អាណិតរូបកាយ       ស្ដាយខ្លួនក្រមុំ។
ហៅប្រុសអភ័ព្វ         ប្រពន្ធដើមស្លាប់        មានកូនតូចធំ                        យកឯងជាចុង
បម្រុងជាយំ                ច្រើនឈ្លោះជំនុំ         ព្រួយចិត្តម៉ែឪ។
ហៅប្រុសចិត្តពីរ       ពិបាករកស៊ី               រញ៉ាំរញ៉ុវ                   ឯងនឿយស្ទើរស្លាប់
ផ្គាប់ចិត្តមិនត្រូវ         បីបួនរដូវ                    ខ្លួនឯងស្លាប់ទៀត។
ចង្រៃខាងប្រុស          កូនអើយចាំចុះ          កុំយកខ្លួនបៀត         ស្រីណាខំយក
ស្រីនោះបង់មារយាទ                        ប្រុសព្រួយខ្ចប់ធាតុ                ខ្ចប់គ្រប់ជាបី។
យកទៀនជាបួន        គ្រោះដល់ស្លាប់ខ្លួន    មេម៉ាយខាងស្រី        ប្រាកដមិនខុស
ប្រុសក្នុងលោកិយ     ស៊ូនៅអត់ប្ដី               ស្លាប់រស់រូបមួយ។
បើខ្លួនកំព្រា                រំពឹងមីងមា                 រកស៊ីមិនព្រួយ           កាន់មារយាទល្អ
មិនក្រគេជួយ             បងប្អូនកូនក្មួយ         រត់ចូលឲ្យប្រើ។
ពោះម៉ាយមានបី       កុំយកធ្វើប្ដី                 មិនគាប់ប្រសើរ         អាមួយស្រីលែង
ស្រីគេគ្រាប់បើ           ពោះម៉ាយក្លាយដើរ   អាងលែងប្រពន្ធ។
ពោះម៉ាយទាំងអស់   កុំយកឲ្យសោះ           ហៅប្រុសទូជ៌ន          ទូជ៌ាតិអប្រិយ
ស្រីកើតទុក្ខធ្ងន់         ហៅមួយជំនាន់         ចំណាំមិនខុស។
កំឡោះចាស់យូរ        ចាស់ទុំគេប្ដូរ              ល្មមព្រមយកចុះ        រកស៊ីមានបាន
សុខសាន្ដឥតឈ្លោះ  ចម្រើនរូបរស់                        អាយុយឺនយូរ។
កុំយកប្ដីប្អូន               ថោករាសីខ្លួន             រកស៊ីមិនធូរ               គេហៅឯងធំ
សមហៅគេពូ                        ច្រើនខ្ជិលទូមូ             ម៉េះម៉ស់នឹងល្បែង។
វាច្រើនមើលងាយ     ហៅស្ដីនិយាយ         ហៅហងហៅឯង      ខ្លួនយើងជាស្រី
ស្រដីឥតក្រែង           យល់គេប្អូនឯង          ឯងមើលងាយជេរ។
ពាក្យចាស់លោកចង                        ប្ដីទុកស្មើបង  ប្រពន្ធស្មើម៉ែ              មើលងាយរាល់ថ្ងៃ
ចង្រៃរាល់ខែ              រកស៊ីធ្វើស្រែ              ច្រើនខាតគ្រាប់ស្រូវ។
គួរយកប្ដីបង              ពាក្យចាស់លោកចង                        ទុកប្ដីស្មើឪ      ខ្លួនឯងប្រមាថ
ប្រតិបត្តិឲ្យត្រូវ           រាសីគង់នៅ                ទេព្រឹក្សរក្សា។
ប្រពន្ធនិងប្ដី                ធំស្រេចលើស្រី          គត់គង់កិរិយា                        ឈ្លោះហើយច្រើនខ្សត់
ស្រីអត់លក្ខិណា        ប្ដីខ្ជិលឧស្សាហ៍          ព្រោះឫកប្រពន្ធ។
ជាតិស្រីមានលក្ខណ៍            ទេវតាពុំនាក់              កបកើតទ្រព្យធន      ប្រទេចជេរវាយ
ចង្រៃទូជ៌ន                  ជូរជាតិលើសលន់     លើសលុបលើប្រុស។
ហៅកាឡកិណី         វាយកូនជេរប្ដី                        មិនដឹងខុសត្រូវ          បើមានភ្ញៀវមក
រឹតរករឿងឈ្លោះ       អសោចសាយសុស  រង្គោះធនធាន។
រកស្រីមាយ៌ាទខ្ពស់    ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន        ចេះស្លូតចេះកាច
ចេះខ្លាចចេះហ៊ាន     ចេះខ្មាសចេះអៀន   កាចមានប្រាជ្ញា។
កូនចៅស្រីប្រុស        ​ចំណាំទុកចុះ              ទុកជាតម្រា                គួរយកតម្រាប់
គួរស្ដាប់ពុទ្ធដីកា        ព្រះអង្គទេសនា          គាថាបួនបទ។
រៀនត្រាប់អ្នកប្រាជ្ញ   បើចង់ឈ្នះកាច         យកស្លូតសង្កត់          ចង់ឈ្នះមនុស្សខឹង
ឲ្យប្រឹងខំអត់               វាជេរវាហត់               វាស្បថលែងខឹង។
ចង់ឈ្នះអសុរោះ       ស្ដីលេងឡេះឡោះ     កុំធ្វើជាដឹង                 យើងស្ដីត្រង់ណា
ឲ្យចំត្រង់ហ្នឹង             ឃើញឫកយើងរឹង    ខ្លាចយើងខាងក្រោយ។
ចង់ឈ្នះកំណាញ់      ក្រដេក្រដាញ់             សុំអ្វីមិនឲ្យ                 បើបានចំណី
ហុចវាញយៗ             តិចដោយច្រើនដោយ          ក្នុងតែវាដឹង។
នេះមន្ដព្រះពុទ្ធ           ប្រាជ្ញាឲ្យមុត               ឲ្យគិតថ្លឹងថ្លែង           កុំកាចខុសខ្នាត
កើតខាតដ្បិតខឹង       កូនអើយខំប្រឹង          កាន់ច្បាប់ទាំងបួន។
កុំជួញរវល់                 កុំតបតទល់                កើតទាស់គុំគួន         កូនណាកាន់បាន
កូននោះសុខខ្លួន        ទោសទាស់លែងជួន លែងជួបមួយជាតិ។
បើមនុស្សរែកទូល     មកនៅចំណូល         ញេះញស់ធ្វើញាតិ   ឲ្យមើលលៃលក
កុំយកខ្លួនបៀត         វាទូលទៅទៀត          អសារឥតការ។
ចំណីចំណុក              ឲ្យស៊ីឲ្យចុក                 ដោយក្ដីមេត្តា                        កុំឲ្យជឿខ្ចី
ក្រែងខុសសន្យា         កើតទាស់កាលណា  រើរែករត់បាត់។
មនុស្សគ្មានកន្លែង    ខុសពីមាយ៌ាទឯង      មិនប្រុងប្រយ័ត្ន          តាមទាន់តឹងទារ
វាខឹងក្ដៅក្ដាត់             គុំគួនដោយស្ងាត់      បំភ្លាត់ឯងបាន។
ហេតុនេះគួរគិត        គួរកូនពិនិត្យ             ច្បាស់សុំរាប់អាន      គួរឲ្យសុំឲ្យ
គួរខានឲ្យខាន                       ដ្បិតពាក្យបុរាណ      មានពីរចំណែក។
ចងទុកជាក្បួន           ចិត្តល្អក្រខ្លួន               នេះពាក្យមួយប៉ែក    មួយទៀតចិត្តល្អ
មិនក្រយូរពេក           ឆ្នាំនេះឆ្នាំស្អែក          ក្នុងតែនឹងមាន។
ចិត្តល្អក្រខ្លួន               ចាំទុកជាក្បួន             ជាក្បាលនិទាន          ឃើញអ្នកទូគ៌ត
កំសត់អត់ឃ្លាន         មិនស្គាល់ពោះវៀន  ហ៊ានជឿឲ្យខ្ចី។
ទៅទារមិនឲ្យ             តឹងតឿនញយៗ        ខឹងប្ដឹងកើតក្ដី             ខាតទាំងទ្រព្យចាស់
អស់ទាំងទ្រព្យថ្មី         ស្គមគោក្របី              រវល់ក្ដីខានថែ។
ចិត្តល្អមួយទៀត        មេត្រីជាញាតិ                        សម្ដីខ្ចីស្រែ                  បានស្រូវស៊ីស្កប់
ត្រឡប់កាច់កែ           រំលងឆ្នាំខែ                 ដកហូតមិនបាន។
ឯងប្ដឹងវា ត                 ក្ដីទាល់តែក្រ              អស់ឆ្នាំងអស់ចាន    របស់ក៏ខាត
របរក៏ខាន                  ដឹងអស់ប៉ុន្មាន           ទំរាំចាញ់ឈ្នះ។
ទ្រព្យធនអ្វីៗ               ចងការជឿខ្ចី              មើលមុខឲ្យច្បាស់     កុំ​ចោលច្បាប់ខ្មែរ
កុំភ្លេចច្បាប់ព្រះ         តាមតែប្រទះ              ប្រទាញសងខាង។
ចាំចិត្តកណ្ដាល         បើនឹងឈឺឆ្អាល          សប្បុរសមើលយ៉ាង  រៀនស្លូតរៀនប្រាជ្ញ
កាចកុំក្អេងក្អាង         ក្រែងគ្រោះសំណាង  ខ្មោចខាងវាស្អប់។
ល្អមិនក្រយូរ              ស្វែងរៀនរកគ្រូ         ស៊ូកុំស្ដាយទ្រព្យ         គ្រូវាយកុំខឹង
ឲ្យប្រឹងខំផ្គាប់              ចេះមន្ដសាយសព្វ     ត្រឡប់ជាមាន។
ធម្មតាអ្នកចេះ           អ្នកស្វែងចំណេះ       ចេះដ្បិតខំរៀន          ឆ្លាក់គូរក្បូរក្បាច់
សាច់សិល្ប៍របៀន     អ្នកខ្សត់អត់ឃ្លាន      ព្រោះចិត្តអាក្រក់។
ខូចខិលល្ងង់ខ្លៅ         គ្រូជេរប្រដៅ              ខឹងលបសំឡក់           របេញរបុញ
ភូតភរកុហក             ស៊ូប្លន់លួចឆក់           មិនខំធ្វើស្រែ។
អ្នកប្លន់អ្នកលួច        ឆក់បានតិចតួច         បានគ្រាន់បើដែរ       ដល់គេឃើញមុខ
ត្រូវគុកច្រើនខែ         អាក្រក់ដល់ម៉ែ          ខូចកេរ្តិ៍ដល់ឪ។
ចង់ខ្ពស់បានទាប       ចចើងចង់លាភ         រែងបាត់ធនទៅ         ពាក្យពីបុរាណ
លោកអានតម្រូវ       ឫកមនុស្សឥឡូវ        ត្រូវតាមតម្រាយ។
អ្នកលួចអ្នកប្លន់        ចង់បានប្រពន្ធ           ចេញជួញស្រុកឆ្ងាយ                        ទិញងារមេស្រុក
សូកធ្វើចៅហ្វាយ      ចង់ថ្កើងសប្បាយ      ចាយប្រាក់រាជការ។
ឆបាំងបំបាត់              លួចបានដោយស្ងាត់            អាចមានប្រាជ្ញា         ក្រឡេចថ្នាំងដៃ
កាឡៃបោះត្រា           ទាស់ភ្នែកទេវតា        រក្សាផែនដី។
មួយទៀតទូជ៌ន          ធ្វើបាបបានបុណ្យ    គឺបុណ្យមន្ត្រី              ទោសទៅចងចាប់
កាប់ឥតប្រណី           បានបុណ្យមន្ត្រី         ព្រោះបុណ្យធ្វើបាប។
អំពើទាំងអស់                        កុំសាងឲ្យសោះ          ចៀសវាងដរាប         កាន់សីលព្រះពុទ្ធ
ឱនលុតឱនក្រាប       បើក្រដុនដាប                        មានទេវតាជួយ។
កូនអើយទេវតា         ស្ថិតសព្វព្រឹក្សា          រងោករងួយ                មនុស្សទ្រុស្ដឫស្យា
ឯណានីមួយ              ទេវតាពុំជួយ              ចំណាំស្គាល់មុខ។
មិនដែលកំបាំង         រាជការបារាំង                        គេចាប់ដាក់គុក         ដល់ខ្លួនស្លាប់ទៅ
នៅរងសោយទុក្ខ       សោយទោសនរក     ទាំងពីរកន្លែង។
នរកបារាំង                 មានខ្សោយមានខ្លាំង                        មានខ្លីមានវែង          នរកយមភ្ភបាល
គេផ្ចាលឥតក្រែង      ព្រះអង្គសម្ដែង           ថាលានកោដិឆ្នាំ។
ហេតុនេះគួរវាង        គួរចាលគួររាង           គួរចងគួរចាំ               គួរកុំធ្វើបាប
ដរាបខ្លាចកម្ម                        គួរកាន់សីលប្រាំ        បណ្ដាំសាសនា។
ហៃកូនចៅអើយ       ក្រឡាប់អស់ហើយ   មិនដូចដូនតា                        ភ្លៀងជន់ខែប្រាំង
រាំងខែវស្សា                ឆ្នាំវករកា                    ត្រីស័កនេះឯង។
រនោចផល្គុន              រកាពីមុន                    ឯកស័កជាក់ស្ដែង     ក្នុងក្នើតផល្គុន
ជន់គ្រប់កន្លែង           ទាំងគែទាំងឯង           ធ្វើស្រែបានផល។
ឆ្នាំរោងឆស័ក                        វិសាខភ្លៀងធ្លាក់        ពីររោចសម្គាល់         យប់ថ្ងៃអទិត្យ
ងងឹតព្យុះខ្យល់                        ភ្លៀងជន់ពេញថ្នល់  ពេញវាលធំតូច។
ពេញអូរពេញជ្រោះ ដើមឈើទាបខ្ពស់      រលុះរលំ                      ឫស្សីស្រុកយើង
រលើងទាំងគុម្ព           ទើបគ្រាប់វាផ្ដុំ             ផ្ដួចដុះជាថ្មី។
ឆ្នាំចកុរជូត                 រាំងរីងរហូត               គ្រប់ឆ្នាំទាំងបី             កើតទាំងជម្ងឺ
ស្លាប់មនុស្សប្រុសស្រី                       ខាលថោះអស់ភ័យ   ធ្វើស្រែស្រូវបាន។
ភ្លៀងក្នុងឆ្នាំម្សាញ់    រលីងក្រាលក្រាញ់     ត្រូវតាមបុរាណ         កត្ដិកជន់វាល
រាលសព្វស្មសាន       អ្នកស្ទឹងប៉ុន្មាន           រលួយស្រូវអស់។
ដាច់ថ្នល់ខានដើរ      រាជការគេប្រើ                        ទាំងចាស់កំឡោះ       មមែងរងកម្ម
បញ្ចាំកេរ្តិ៍កោះ           គ្មានអ្វីស៊ីសោះ           ដាច់ពោះក្សិណក្ស័យ។
ខែចែត្រឆ្នាំវក                        ស្រឡះពពក              កើតមានសម័យ       ជាហេតុអស្ចារ្យ
សុរិយាល្ងាចថ្ងៃ         ឧត្បាតចង្រៃ              ឃើញសត្វអ្វីហោះ។
ពីជើងទៅត្បូង           ចាស់ក្មេងមើលច្រូង  បានឃើញទាំងអស់  មើលមិនស្គាល់ជាក់
ធ្លាក់ចំចន្លោះ             បាត់ឈឹងសូន្យសោះ            មិនដឹងទៅណា។
កាលមុននោះមក      ខែបុស្សឆ្នាំវក             លែងមានប្រាជ្ញា        មានតែមេស្រុក
វាស់បែងក្រឡា          ដីមួយហិកតា                        ត្រូវសែសិបថាំង។
រង្វាន់មេស្រុក                        ត្រូវហូតមួយទុក        ដប់ជូនបារាំង             ទៅដល់ប៊ុយរ៉ូ
ប​ង្ហូរដាក់ឃ្លាំង           ពូជពីរកន្ដាំង              ក៏ជាប់ពន្ធដែរ។
គ្មានធូរគ្មានតឹង         កូនអើយខំប្រឹង          ជាតិឯងជាខ្មែរ           ក្មេងប្រុសជំទង់
នៅក្នុងឪម៉ែ                រាជការប្រិតប្រែ         ថាឲ្យបង់ប្រាក់។
កូនចៅប្រុសស្រី        កើតមកលើដី                        ខំរកលុយកាក់           បានហើយខំប្រឹង
ផ្សំគ្នាទុកដាក់             គ្រាន់ទិញស្លៀកពាក់                        ប​ង់ថ្លៃរាជការ។
ភទ្របទឆ្នាំច               ចាប់គោខ្មៅស           ដុតដែកបោះត្រា        ដល់កុរជូតឆ្លូវ
តម្រូវយ៉ាងណា         នឹងកើតអស្ចារ្យ         រហូតរាប់ឆ្នាំ។
នគរថ្កើងប្លែក                        សប្បាយតែភ្នែក       ក្នុងចិត្តរងកម្ម                        កូនប្រុសបណ្ដាច់
កុំភ្លេចបណ្ដាំ             សប្បាសូត្រថ្នាំ           ត្រីម៉ាំលែងថោក។
ដូងស្លាអំពៅ              អំបិសស្ករស្រូវ           មានទៅមានមក       មានចុះមានឡើង
រាស្ត្រយើងល្មមរក     ល្មមរេលៃលក           គួរយកគួរខាន។
កប្បាសនិងថ្នាំ           គួរដាស់គួរដាំ                        ធ្វើដៃឯងបាន                        កុំអាងខ្ជិលពេក
កុំដេកឈប់ខាន        កុំចោលបុរាណ         ម៉ែឪដូនតា។
ដីគេគគោក               កុំអាងខ្ជិលជោក        ទៅឈ្ងោកចិនផ្សារ   កូនចៅស្រីៗ
ខំរៀនធ្វើការ             បើគ្មានប្រាជ្ញា                        មានមាត់ចេះស្ដី។
ឲ្យសួរចាស់ៗ              រៀនបោះកប្បាស     ថ្ពេចមូរសំឡី              រៀនកូតរៀនការ
ត្រសារពាត់រវៃ           ហូលគោមគាតក្ដី      កុំបីចន្លោះ។
រៀនថ្កររៀនត្បាញ   ឲ្យចាស់បង្ហាញ          បង្ហាត់ទាំងអស់          សំពត់បែបងាយ
លាយសូត្រអំបោះ     កុំទិញគេសោះ           ឈ្មោះការជាស្រី។
ទិញដូរតែល័ក្ខ           អញ្ជុលចេសបាក់      ព្រហូតជាបី               ធ្មេញឈើឈ្នាន់ផ្សំ
ក្ដារមូរក្ដារកី               ត្រល់ខ្នារឫស្សី                        មុខប្ដីជាប្រុស។
ការពីឆ្នាំច                  ការអ្វីក្រៗ                   ខំរៀនទៅចុះ              ទាន់មានចាស់នៅ
ស្គាល់ត្រូវស្គាល់ខុស  ចាស់ស្លាប់រលស់       គ្មានមនុស្សចេះដឹង។
រកស៊ីឲ្យញឹក              ដេកយប់រឮក                        រឹតក្បិនឲ្យតឹង             បើភ្ញាក់កាលណា
កាន់ការកាលហ្នឹង    កូនអើយខំប្រឹង          ទាំងប្រុសទាំងស្រី។
រមៀតស្លឹកគ្រៃ          ជីម្ទេសខ្ទឹមខ្ញី               មានដីដាំចុះ               ដាំដើមអ្វីៗ
ចំណីគ្រប់ឈ្មោះ        គ្រឿងស៊ីឆ្អែតពោះ    ជុះចោលទទេ។
ជុះទិសខាងជើង         ជុះដាក់ដីយើង           កុំជុះដីគេ                    កុំជុះដាក់ផ្លូវ
ត្រូវមាត់ក្មេងជេរ       ដីសល់ទំនេរ               ល្មមមាត់ជុះទៅ។
សក់មួយជាដប់          ជ្រៀតសិតឲ្យសព្វ     កុំឲ្យនៅសល់             បើប្រាជ្ញារាក់
ចាក់ចិត្តឲ្យជ្រៅ          ដាំចេកអំពៅ             ដូរស្រូវអង្ករ។
កើតមកជាមនុស្ស    មួយព្រួយចង់រស់       មួយព្រួយចង់ល្អ         ពីរនេះជាធំ
វានាំឲ្យក្រ                    ចាំជាតំណ                 តជាទំនុក។
មនុស្សមាយ៌ាទមិនប៉ិន         កូននៅខ្ញុំចិន  ព្រោះម្ដាយឪពុក        ធ្វើស្រែមិនត្រូវ
គ្មានស្រូវជង្រុក          កូនអើយចាំទុក         នេះមុខមេក្រ។
មេមួយជាធំ               កំឡោះក្រមុំ                ស្លៀកពាក់ចង់ល្អ      បើបានបែបខ្មៅ
ថានៅបែបស                        ទើបគ្រាន់អន់ក្រ        ត្រដរចង់ថ្កើង។
ក្រឡាប់នគរ              រឹងរឹតកើតចោរ          ច្រើនឡើង ៗ              ពាលរឹតក្រអឺត
ចើតម៉ើតចើងម៉ើង    ក្រដាសយ៉ាងស្ដើង    ចាយរហែកនៅដៃ។
ប្រាកចាស់អស់ទៅ    ព្រោះមនុស្សឥឡូវ     ឧត្បាតចង្រៃ              ជាតិខ្មែរប្រភេទ
ក្រឡែតក្រឡៃ                        ក្រឡាស់សាសន៍សៃយ៍         សព្វសត្វនានា។
ជាតិខ្មែរប្រែខុស        ស្រីក្លែងធ្វើប្រុស        ត្រឡប់ផ្ទុយគ្នា                        យកប្ដីប្រពន្ធ
មិនស្គាល់មីងមា        បុណ្យទានការងារ     កាប់គ្នាឥតក្រែង។
ល្ងង់ធ្វើឫកចេះ          គោចងត្រដោកសេះ ប្រុសៗដុះស្នែង          ស្រីពាក់អាវខ្លី
ប្រុសពាក់អាវវែង      សារុងហៀរកែង       ធ្វើឯងអ្នកគ្រាន់។
កាន់ចិត្តសីហលោ    សេះទឹមធ្វើគោ           ចាក់ហ៊ោលាន់ៗ        រកស៊ីមួយថ្ងៃ
ចង់បានមួយពាន់      បរគោជល់មាន់         ចាក់កាប់ជាប់គុក។
រីល្បែងបៀប៉ោ          ច្រើនទៅជាចោរ        ប្រកាសហាមទុក       ចូរកូនប្រយ័ត្ន
ប្រយោជន៍ទៅមុខ     ចាំជាទំនុក                 តំណកូនចៅ។
អ្នកកុំប្រហែស          រាជការនិរទ្ទេស         កំចាត់ចេញទៅ         រាជការអាណិត
ខំប្រឹតប្រដៅ               កុំលោភល្ងង់ខ្លៅ        ថោកផៅត្រកូល។
ប្រយ័ត្នក្រែងក្រ          ផ្លូវច្បា​ប់ល្អៗ              អ្នកខំប្រមូល              ផ្លូវវៀចអាក្រក់
អ្នកកុំដើរចូល                        ហៅផ្លូវមិនស្រួល      លង់ផុតគំនិត។
ដើរផ្លូវកណ្ដាល         ស្រឡាញ់ស្និទ្ធស្នាល  ឈឺឆ្អាលដោយពិត   មគ្គផលសីលទាន
ឈានចូលឲ្យជិត       យកធម៌ជាមិត្ត           មិនឥតអំពើ។
មនុស្សម្នាក់ច្រើនឆោត        ច្រើនគ្មានគេកោត    ឈឺគ្មានគេមើល        ស្លាប់ឥតគេព្រួយ
គេជួយទាំងស្ទើរ        មិនដែលឡើងលើ     ច្រមុះចុះក្រោម។
កូនចៅស្រីៗ              កំឡោះស្ទាវខ្ចី             រៀនឆោតឲ្យល្មម      ប្រុសស្មើម៉ែឪ
ឆូវឆ​ប្រលោម                        មើលរូបមើលឆោម  កុំព្រមដោយងាយ។
កុំក្និចក្នក់ក្នាញ់          បើចិត្តស្រឡាញ់        កុំចេញនិយាយ         បើស្អប់កុំប្ដឹង
បើខឹងកុំធ្លាយ             កុំរោះកុំរាយ               កុំងាយធ្វើស្និទ្ធ។
កុំដើរប្រាប់គេ                        កុំអាងអួតជេរ                       ក្រែងប្រុសឈឺចិត្ត     នៅឲ្យតែនឹង
កុំរវល់ធ្វើស្និទ្ធ             ប្រុសនឹងអាណិត      គិតចូលដណ្ដឹង។
បើម៉ែឪឲ្យ                   មើលមុខមើលក្រោយ    អាក្រក់ខ្មៅឆ្អឹង     ប្រកែកដោយស្ងាត់
កុំខ្លាចម្ដាយខឹង          កើតកូនមកតឹង         ពិបាកចាយណាស់។
កុំឃ្លានចំណី              កុំខ្លាចអត់ប្ដី               កុំភ័យខ្លាចចាស់        មើលមុខឯងផង
កុំរើសឥតខ្មាស         ខ្លួនល្អស្រឡះ              មិនខ្វះគេស្ដី។
បើបានជាខូច                        ទាន់ផើមនៅតូច       ខែពីរខែបី                   រវៀសឆ្លើយប្រញាប់
ប្រាប់គ្នាស្រីៗ             កុំលាក់ធ្វើអ្វី               ក្នុងតែគេដឹង។
កុំមាយាបេះក្រូច       មាយ៌ាទចេះតែខូច    មាត់ចេះតែខឹង          គេថាត្រង់ណា
ជេរគេត្រង់ហ្នឹង         ជេរហើយខំប្រឹង        យកថ្មសង្កត់។
រំលាយរំលូត              អាក្រក់តែគូទ                        អួតល្អតែមាត់                        មានគេឃើញច្បាស់
ម្មះរឹងហ៊ានស្បថ       ទោសនេះនឹងភ្លាត់     ធ្លាក់ទៅអវិចី។
ចោរកាចល្ងង់ខ្លៅ      ប្រាជ្ញប្រាមប្រដៅ       ហៅបារាជិកស្រី        មេបាកាច់គេ
ស្លាប់ពីរស្លាប់បី         រំលូតកូនខ្ចី                 ស្មើរំលាយព្រះ។
មានកាលមិនក្ស័យ   ខ្វិនជើងខ្វិនដៃ                        កខ្វេះកខ្វាស              ខ្វាក់ភ្នែកអន្ធការ
អនិច្ចារូបណាស់       អាក្រក់កេរ្តិ៍ខ្មាស       តកូនតចៅ។
អាសោច៍សុសសាយ            សុសសព្វដល់ម្ដាយ  ដល់ពូជពង្សផៅ        ស្លាប់ទៅរងទុក្ខ
នរកឋានក្រៅ                        គេស្រុសទឹកក្ដៅ        ស្លាប់ទៅរស់ទៀត។
ស៊ីខ្ទុះឈាមឯង          ព្រះអង្គសម្ដែង           ថាម៉ឺនសែនជាតិ       ឡើងមកជាប្រេត
ហេតុកម្មមិនឃ្លាត    អត់ឃ្លានគ្មានញាតិ  ហែកកូនឯងស៊ី។
ព្រះពុទ្ធលែងប្រោស  ធម៌លែងសណ្ដោស សោយទុក្ខវក់វី           ហេតុចិត្តឫស្យា
មិច្ឆាទិដ្ឋី                      កើតជាជ្រូកញី           គេគ្រាវគេចាក់។
អសង្ខេយ្យឆ្នាំ             ហេតុផលសេសកម្ម កើតជាមនុស្សខ្វាក់   មនុស្សខ្វិនទ្រែមទ្រម
ជាគមជាគាក់                        ខ្ទើយឆ្គួតអបលក្ខណ៍                        ជាអ្នកឥតប្ដី។
បើម្ដាយជួយព្រួត      ជួយជាន់រំលូត           រំលាយកូនខ្ចី               នរកប្រេតព្រមគ្នា
មិនឃើញរស្មី                        ដ្បិតចិត្តតិរិយ                        ទាំងម្ដាយទាំងកូន។
ហេតុនេះគួរខ្លាច       ធម្មតាចោរកាច         មិនដែលស្ងាត់សូន្យ  អាសោចន៍កេរ្តិ៍ឈ្មោះ
ទាំងអស់បងប្អូន        មេបាតាដូន               កាត់កាលលែងរាប់។
គួរប្រុងឥរិយា                        កើតទាន់សាសនា     ហៅមហាមានភ័ព្វ   ទាំងប្រុសទាំងស្រី
កុំបីឲ្យធ្លាប់                 គួរខំរៀនផ្គាប់                        បរលោកលោកិយ។
ឯខុសនិងគាប់                        បើនឹងរៀបរាប់          រាល់រូបប្រុសស្រី        គាប់ខុសនៅចិត្ត
ខុសគាប់នៅស្ដី          គម្រប់ជាបី                 ខុសត្រូវនៅកាយ។
កូនប្រុងប្រព្រឹត្ត          ការកេរ្តិ៍ឲ្យជិត                        គំនិតឲ្យឆ្ងាយ             កើតមកជាខ្មែរ
កុំប្រែក្លែងកាយ         ធម្មតាសប្បាយ         វាតែងឲ្យទុក្ខ។
ឲ្យទោសទាស់ទែង     ទាស់តែម្នាក់ឯង        ដល់ម្ដាយឪពុក          រីឯរឿងទោស
មានតែពីរមុខ                        មួយទៅនរក              មួយនាលោកកិយ។
លោភោទោសោ        កើតពីមោហោ          រាល់រូបប្រុសស្រី        គួរកាន់មេត្តា
កតញ្ញូខន្ដី                   នេះគឺបាលី                 ទៅកាន់បរលោក។
ពាក្យពិតប្រដៅ         ឲ្យអស់កូនចៅ           ប្រព្រឹត្តរៀនយក        កូនណាមិនរៀន
កូនហ្នឹងមាយ៌ាទថោក          នឹងធ្លាក់ជ្រុលជ្រក      ក្នុងចតុរាបាយ។
ធំស្រេចនៅស្លូត        សុខខ្លួនរហូត             ដរាបវែងឆ្ងាយ           ខន្ដីអំណត់
សង្កត់ក្នុងកាយ          ជាតិជនទាំងឡាយ    កម្រកាន់បាន។
ចេះហើយមិនដឹង      ចិត្តនៅម្មះរឹង             ប្រឹងរកកម្មដ្ឋាន         រកធម៌មិនយល់
ខ្ជិលខ្វល់ឈប់ខាន     បន្ទោសបុរាណ         ថាគ្មាននិស្ស័យ។
រីបាបនិងបុណ្យ         មានចិត្តជាមុន          មាត់ជាបច្ច័យ                        នាំចុះនាំឡើង
ពីជើងពីដៃ                 សន្សំសព្វថ្ងៃ              ឈ្មោះហៅសំណាង។
កើតក្នុងលោកិយ      រាល់រូបប្រុសស្រី        មានចិត្តជាអាង        កុសលអកុសល
ប្រទាញសងខាង       រូបនៅតេងតាង         តែងទៅតែងមក។
មគ្គផលសីលទាន     បើល្ងង់ឲ្យរៀន           បើគ្មានឲ្យរក              យល់ល្អសាងស្អាត
សង្វាតជ្រៀតជ្រក     ជ្រើសរើសរៀនយក រក្សារូបកាយ។
នេះគឺហៅច្បាប់        ជាទីសណ្ដាប់             សន្ដានទាំងឡាយ      កូនចៅប្រុសស្រី
កុំបីនឿយណាយ      សង្ខេបបរិយាយ        និដ្ឋិតំតែងចប់។
អ្នកព្រះភិរម្យ             អាចារ្យង៉ុយខ្ញុំ             បង្គំម្រាមដប់              លើសលស់ឆ្គាំឆ្គង
រំលងពុំគាប់                ពុំគួរសមសព្វ                        សុសសាយសេចក្ដី។
កាយកម្មវចីកម្ម         ឈ្មោះច្បាប់បណ្ដាំ    កូនចៅប្រុសស្រី        ជាប​រមត្ថក្រៅ
មិនហោបាលី                        បរលោកលោកិយ     ទាំងពីរកន្លែង។
បើលោកឯណា         ចេះចាំធម៌អាថ៌          ប្រាកដជាក់ស្ដែង      ឃើញខុសត្រង់ណា
កុំថាជាល្បែង             ដ្បិតពាក្យខ្ញុំតែង        ឲ្យក្មេងវាភ័យ។
មិនមែនភរភូត          កុំថាខ្ញុំអួត                   ប្រាជ្ញាខ្ញុំវៃ                   ឃើញមនុស្សវង្វេង
ខ្ញុំតែងច្បាប់ថ្មី                        អស់អាថ៌សេចក្ដី       ឯវំចប់ហោង៕